សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

អាវុធហត្ថស្រុកចិត្របុរី សហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះត្រួតពិនិត្យល្បាតនូវរាល់ស្ថានភាពបទល្មើសនេសាទ នៅក្នុងតំបន់គ្រប់គ្រង នារដូវបិទនេសាទ បានបង្ក្រាបបទល្មើសនេសាទ និងចាក់លែងកូនត្រី ប្រមាណជិត ១០០គីឡូ ចូលក្នុងបឹងធម្មជាតិ។

ការចុះបង្រ្កាបនេះ ធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី រ៉ន សាមុត មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ ចុះបង្រ្កាបបទល្មេីសនេសាទ នៅទំនប់ទ្រនូលឆ្នាំង ភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។  

លោកវរសេនីយ៍ត្រី រ៉ន សាមុត បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ដកហូតវត្តុតាងរួមមាន៖ ១-របាំងព្រួលស្បៃមុង ចំនួន ១៥ ខ្សែ ប្រវែង ១ ២០០ ម៉ែត្រ ២-លូស្បៃមុង ចំនួន ១៥ មាត់លូ ប្រវែង ៩០ ម៉ែត្រ ៣-របាំងព្រួលឫស្សី ចំនួន ០១ គ្រឿង ៤-បង្គោលចម្រឹងឫស្សី ចំនួន ២៣០ ដេីម។ លោកបានបញ្ជាក់បន្ថែមថា ក្រោយពីការបង្ក្រាបបទល្មើសនិងវត្ថុតាងដែលដកហូត ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងចំពោះកូនត្រី ត្រូវបានចាក់លែងចូលក្នុងបឹងធម្មជាតិចំនួន ៧៥គីឡូ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ ក្នុងខែនេះ គឺស្ថិតក្នុងរដូវបិទនេសាទដែលមានរយៈពេល ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

តំបន់នេសាទត្រីនៅក្នុងភូមិសាស្រ្តខេត្តក្រចេះបានចែកចេញជាពីតំបន់ ក្នុងនោះ៖ តំបន់អភិរក្សសត្វផ្សោត ឧបករណ៍លក្ខណៈគ្រួសារក៏ដោយដូចជា៖ មងប្រវែងក្រោម ១០០ ម៉ែត្រ ឬ ១០-២០ ម៉ែត្រ សន្ទូច រនង ក៏ដោយ ឱ្យតែស្ថិតនៅក្នុងតំបន់អភិរក្ស ចាប់ពីក្បាលកោះទ្រង់ឡើងទៅ គឺមិនអនុញ្ញាតនោះទេ។

ដោយឡែក នៅក្រៅតំបន់គ្រប់គ្រងការពារអភិរក្សផ្សោត ចាប់ពីក្បាលកោះទ្រង់ចុះមកក្រោម គឺអនុញ្ញាតឱ្យមងប្រវែងក្រោម ១០០ ម៉ែត្រ សន្ទូច រនង លប សំណាញ់ ជាលក្ខណៈគ្រួសារ គឺអនុញ្ញាតឱ្យប្រកបរបរនេសាទធម្មតា។ ចំពោះ ឧបករណ៍នេសាទត្រីខុសច្បាប់ ដែលច្បាប់ហាមឃាត់ គឺមិនត្រូវបានអនុញ្ញាតឱ្យនេសាទជាដាច់ខាត់៕