មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន ក្រើនរំលឹកទៅកាន់ឪពុកម្តាយ អាណាព្យាបាលកុមារ សូមប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារពីជំងឺគ្រុនឈាម ខណៈក្នុងរយៈពេល៦ខែឆ្នាំ ២០២៥នេះ ចំនួនកុមារដែលកើតជំងឺគ្រុនឈាមកើនឡើងរហូតជាង ២ពាន់ករណី ។

មែនទៅការផ្សព្វផ្សាយនៃជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាល តែងតែងបានចូលរួមផ្សព្វផ្សាយជានិច្ចជាកាលជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឱ្យបានយល់ និងជ្រួតជ្រាប នូវវិធានការការពារទាំងឡាយដើម្បីចៀសវាងនូវហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម ជាពិសេសក្នុងរដូវវស្សា។

ក្នុងនាមជាគ្រូពេទ្យ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន បានអំពាវនាវបន្ថែមទៅដល់ឪពុកម្តាយរបស់កុមារ សូមបង្កើនការប្រុងប្រយ័ត្នចំពោះការចម្លងនៃជំងឺគ្រុនឈាម ដែលអាចផ្តល់ផលប៉ះពាល់ទៅដល់សុខភាពកូនៗ នៅក្នុងរដូវវស្សានេះ​។ លោកស្រីប្រាប់កម្ពុជាថ្មីថា៖«ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងដែលបណ្តាលមកពីវីរុសគ្រុនឈាម ដែលប្រភពចម្លងរបស់វាគឺមូសខ្លាញីខាំ ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាមសំខាន់ពីម​នុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅក្នុងសហគមន៍ និងបន្តការចម្លងរីករាលដាលពីតំបន់មួយទៅតំបន់មួយ។ ដូច្នេះយើងទាំងអស់គ្នា ផ្តើមពីប្រជាពលរដ្ឋ សហគមន៍ដោយអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ធ្វើម៉េចបំបាត់ជម្រកពងមូសដែលជាភ្នាក់ងារចម្លង»។

បើតាមលោកស្រីវេជ្ជបណ្ឌិត តួរលេខអ្នកជំងឺជាកុមារដែលមកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងអំឡុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ ក្នុងនោះពិគ្រោះជំងឺក្រៅសរុប ៣២៨ ២០៣ នាក់  ខណៈអ្នកជំងឺដាក់ឱ្យគេងនៅពេទ្យសរុប ៥៣ ៣៩១ នាក់។ ដោយឡែក ចំពោះកុមារមានជំងឺគ្រុនឈាមដែលដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យមានការកើនឡើងក្នុងរយៈពេល៦ខែឆ្នាំនេះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រីបញ្ជាក់ថា៖«អ្នកជំងឺគ្រុនឈាមដែលបានដាក់ឱ្យសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បើប្រៀបធៀប ៦​ ខែដំបូង គិតពីខែមករាដល់ខែ មិថុនា  យើងឃើញថាក្នុងឆ្នាំ ២០២៤ចំនួនសរុប ១ ៦៩៧ ករណីដោយឡែក ឆ្នាំ ២០២៥ មានការកើនឡើងចំនួន ២ ០៨៣  ករណីក្នុងនោះយើងឃើញថាមានការកើនឡើងប្រមាណ ២២.៧៤ ភាគរយ»។

បើនិយាយពីជំងឺគ្រុនឈាម ឪពុកម្តាយ គួរចូលរួមយល់ដឹងខ្លះពីរោគសញ្ញាសំខាន់ៗមួយចំនួននៃជំងឺនេះ ទីមួយ កុមារក្តៅខ្លួនខ្លាំងរហូតដល់ ៣៩ ឬ៤០ អង្សា ពេលខ្លះក្តៅខ្លាំងរហូតដល់ប្រកាច់ក៏មានដែរ។ អ្នកមានជំងឺគ្រុនឈាម មានអាការៈ ឈឺសាច់ដុំ សន្លាក់ ឈឺគ្រាប់ភ្នែក ឈឺពោះ ចង់ដេក ស្នាមអុចៗ ក្រហមលើស្បែក ពេលខ្លះចង់ក្អួតចង្អោរ ពេលខ្លះឈាមច្រមុះ និងបត់ជើងឈាមជាដើម។

នៅពេលកូនៗមានអាការៈបែបនេះ លោកស្រីក្រើនរំលឹកឪពុកម្តាយនាំកូនៗទៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងប្រើថ្នាំផ្តេសផ្តាសដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីថា៖«ដូច្នេះនៅពេលកុមារមានរោគសញ្ញាទាំងអស់នេះ ឪពុកម្តាយត្រូវនាំកុមារមកមន្ទីរពេទ្យ ដើម្បីជួបគ្រូពេទ្យជំនាញធ្វើការតាមដាន ព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះជំងឺគ្រុនឈាមនេះ ត្រូវការតាមដានឱ្យបានហ្មត់ចត់ ព្រោះបើជំងឺវិវត្តទៅធ្ងន់កុមារប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត»។

ជាមួយគ្នានេះ លោកស្រីណែនាំឱ្យដល់ឪពុកម្តាយគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យពោលសូមកុំប្រើថ្នាំផ្តេសផ្តាស ដែលមានន័យថា គ្រពេទ្យឱ្យលេបថ្នាំ៣ ដង លេបត្រឹម៣ដងបានហើយ ចៀសវាងលេប ៤ទៅ៥ដង ព្រោះបើសិនយើងប្រើថ្នាំលើសកម្រិត វាធ្វើឱ្យមានផលប៉ះពាល់ពុលថ្លើមរបស់កុមារ។ ដោយឡែកវិធានការការពាររបស់ឪពុកម្តាយចំពោះកូនៗទប់ស្កាត់កុំឱ្យជំងឺគ្រុនឈាមនេះ ក្នុងនោះយើងការពារធ្វើម៉េចកុំឱ្យមូសខ្លាខាំ ដោយគេងក្នុងមុង ស្លៀកសម្លៀកបំពាក់ជិតៗ និងកុំឱ្យកូនទៅលេងកន្លែងងងឹតជាដើម។

ទន្ទឹមនឹងនេះប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាអនាម័យ បរិស្ថានល្អស្អាត ដើម្បីធានាការរស់នៅស្អាត និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រោះការរស់នៅស្អាត អនាម័យ វាមិនត្រឹមកាត់បន្ថយជំងឺគ្រុនឈាមទេ គឺវាចូលរួមកាត់បន្ថយទៅលើជំងឺផ្សេងដ៏ទៃទៀត។

នៅកម្ពុជាមានរដូវពីរធំៗ រដូវប្រាំង និងរដូវវស្សា ដែលរដូវវស្សាគឺជារដូវភ្លៀងធ្លាក់ មានរយៈពេល ៦ ខែ ចាប់ពីខែ ឧសភា ដល់ តុលា ហើយរដូវភ្លៀងនេះជាឱកាសដល់ការបង្កកំណើតមូសខ្លា៕