ព័ត៌មានជាតិអ្នកនាំពាក្យក្រសួងការងារ ៖ ការរិះគន់លើការចុះកិច្ចព្រមព្រៀង លើវិស័យការងារ​រវាងកម្ពុជា និងអ៊ីស្រាអែល មានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ

ព័ត៌មានជាតិអ្នកនាំពាក្យក្រសួងការងារ ៖ ការរិះគន់លើការចុះកិច្ចព្រមព្រៀង លើវិស័យការងារ​រវាងកម្ពុជា និងអ៊ីស្រាអែល មានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មានប្រសាសន៍​នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ នេះ​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៥ កន្លងទៅ​នេះ គឺជា​ការ​បើក​ទំព័រ​ដំបូង នៃ​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម​ជាមួយគ្នា​ទៅវិញទៅមក ដែល​នឹង​កំណត់​នូវ​យន្តការ និង​អាច​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា អាច​ពិចារណា​ក្នុង​ការ​ទៅ​ធ្វើ​ការងារ​លើ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងទៀត នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ។
លោក​បន្ត​ថា ប្រទេស​អ៊ីស្រាអែល ជា​ប្រទេស​មាន​បច្ចេកទេស​ទំនើប​ក្នុង​វិស័យ​កសិកម្ម និង​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​សំណង់ ហើយ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ ដែល​ធ្វើ​ឱ្យ​អ៊ីស្រាអែល គឺជា​គោលដៅ​ទីផ្សារ​ការងារ​របស់​ពលករ​ប្រទេស​ជាច្រើន ដែល​ចង់​ទៅ​ធ្វើការ។
អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បន្ថែម​ថា ក្នុងនាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល គឺ​ក្រសួង​ការងារ បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ស្វែងរក​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក ពិសេស​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់ និង​ពង្រឹង​ប្រសិទ្ធភាព នៃ​យន្ដការ​សម្រប​សម្រួល​ទីផ្សារ​ការងារ តាមរយៈ​ការ​ពង្រីក​វិសាលភាព នៃ​ការ​ផ្ដល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ជាដើម។
លោក​បន្តថា ក្រៅពី​ការ​ជួយ​ស្វះស្វែង​រក​ឱកាស​ការងារ​ក្នុងស្រុក​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ ក្រសួង​ការងារ ក៏បាន​ខិតខំ​ផ្ដល់​នូវ​ជម្រើស​ជូន​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដោយ​បាន​ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ពលរដ្ឋ ដែល​មិន​ត្រឹមតែ​អាច​បាន​ប្រាក់ចំណូល បាន​ចំណេះ​ជំនាញ​ប៉ុណ្ណោះ​ទេ ព្រម​ទាំង​អាច​ផ្ញើ​ប្រាក់​មក​ជូន​ក្រុម​គ្រួសារ និង​ចូលរួម​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ថែមទៀត។
យ៉ាងណាក៏ដោយ លោក ស៊ុន មេសា បាន​បញ្ជាក់​ថា ក្រសួង​ការងារ បាន​ខិតខំ​ស្វែងរក​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ទាំង​ឱកាស​ការងារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ពិតមែន តែ​ការ​ជ្រើសរើស​បែប​ណា​នោះ គឺជា​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ម្នាក់ៗ៕