មួយឃ្លាបង្កប់ន័យគ្រប់យ៉ាងពី Selena Gomez ៖ «ខ្ញុំសង្ឃឹមថានឹងបានរៀបការ និងក្លាយជាម្ដាយគេ»
តារាចម្រៀង និងសម្ដែង Selena Gomez កំពុងស្វែងរកផ្លូវជីវិតខ្លួនឯង នៅជំហានថ្មី ដោយបង្ហើបពីគម្រោងរៀបការ និងមានកូន។
«ខ្ញុំសង្ឃឹមថា នឹងបានរៀបការ និងក្លាយជាម្ដាយគេ» នេះជាអ្វីដែលតារាស្រីវ័យ ៣០រូបនេះនិយាយ កាលពីថ្ងៃ សុក្រ សប្ដាហ៍មុន ស្របពេលបង្ហាញវត្តមានក្នុងភាគមួយរបស់ Giving Back Generation។ ទោះបីជាពេលនេះ នាងកំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃរឿង «Hulu’s Only Murders in the Building» ក៏នាងមិនគិតថា ចង់ឲ្យអាជីពនេះមកគ្របដណ្ដប់ជីវិតខ្លាំងពេកដែរ ពេលនាងចាស់ទៅ។
Selena និយាយថា៖ «ទោះបីខ្ញុំហត់នឿយនឹងការងារទាំងអស់នេះហើយ ខ្ញុំប្រហែលជានឹងលះបង់ពេលវេលាក្នុងជីវិតមួយភាគធំរបស់ខ្ញុំ ជាមួយនឹងសកម្មភាពសប្បុរសធម៌»។
ជាមួយគ្នានោះ ថ្មីៗនេះសារព័ត៌មានជាច្រើនបានលើកឡើង ដោយសង្ស័យពីទំនាក់ទំនងរបស់ Selena ជាមួយនឹងផលិតករកុនជនជាតិអ៊ីតាលីមានឈ្មោះថា Andrea Iervolino។ ពួកគេទាំង២ ត្រូវបានគេថតជាប់ ថាបានជិះទូកលេង ហែលទឹកជាមួយគ្នា និងនៅក្បែរៗគ្នាសឹងគ្រប់ពេល។
ជាការពិត Andrea និង Selena មិនមែនទើបតែស្គាល់គ្នាទេ ពោលគឺពួកគេក៏ជាមិត្តល្អនឹងគ្នារាប់ឆ្នាំមកដែរ។
ងាកទៅអ្វីដែលនាងបាននិយាយក្នុងកម្មវិធី Giving back Generation វិញ Selena ក៏បានលើកឡើងដែរថា បើសិនថ្ងៃណា នាងមានអារម្មណ៍ថាខ្លួនធ្វើអ្វីមួយខុស ឬគិតថាកំពុងដើរផ្លូវខុស ឬមានសម្ពាធផ្លូវចិត្ត នាងតែងជ្រើសយកវិធី ដោយទូរសព្ទទៅអ្នកដែលនាងស្គាល់ និងទុកចិត្តខ្លាំងបំផុត ដើម្បីរ៉ាយរ៉ាប់ ពីទុក្ខលំបាកដែលមានទាំងប៉ុន្មាន។
វាច្បាស់ពេកទៅហើយថា Selena ជាមនុស្សម្នាក់ដែល ឲ្យតម្លៃលើមិត្តភាព ជាជាងស្នេហាទៅទៀត ក្រោយជួបព្យុះភ្លៀងជីវិតជាច្រើនរាប់មិនអស់នាពេលកន្លងមក៕
ប្រភព៖ Sabay News