ខេត្តព្រៃវែង ៖ យុវជនពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកជាមួយម៉ូតូ ក្នុងពេលដែលមេឃកំពុងភ្លៀងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង 8និង 20នាទីយប់ថ្ងៃទី 7 ឧសភា នៅលើកំណត់ផ្លូវជាតិលេខ1 ក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿងស្រុកពាមរក៍ ខេត្តព្រៃវែង។
ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួន 3នាក់ ទី១-ឈ្មោះ ចាន់ ភារុន ភេទប្រុស អាយុ17ឆ្នាំបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ទី2-ឈ្មោះ ញឹក ចាន់នូ ភេទប្រុស អាយុ 14ឆ្នាំ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីពេទ្យ និងទី3-ឈ្មោះ សុខណា ពិសិដ្ឋ ភេទប្រុសអាយុ 14 ឆ្នាំ រងរបួសបាក់ជើងឆ្វេង (របួសធ្ងន់) អ្នកទាំង3 មានទីលំនៅក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន 4នាក់ ជិះម៉ូតូពីរគ្រឿង ម៉ូតូទី 1 ជិះម្នាក់ឯង និងម៉ូតូទី 2 ជិះគ្នា3នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ1 ទិសដៅពីកើតទៅលិច ដោយជិះបណ្ដើរប្រឡែងគ្នាបណ្ដើរ ក្នុងពេលដែលមេឃកំពុងភ្លៀងខ្លាំង លុះពេលមកដល់ចំណុចកើត ហេតុ ម៉ូតូជនរងគ្រោះម៉ាក future គ្មានស្លាកលេខ បានបើករេឆ្លងទៅកណ្ដាលថ្នល់ រួចក៏ត្រូវរថយន្តសាំយ៉ុងមួយគ្រឿង ដែលបើកមកបញ្ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្ស ប៉ើងខ្ទាតពេញផ្លូវ ហើយភ្លាមៗរថយន្តបានបន្ថែមល្បឿន រត់គេចខ្លួនទៅទិសខាងកើត បាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានទាក់ទងរថយន្តសង្គ្រោះ ដឹកយកជនរងគ្រោះពីរនាក់ យកទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះម្នាក់ទៀតក៏បានស្លាប់បាត់បង់ជីវិត ហើយត្រូវបានដឹកត្រឡប់មកផ្ទះវិញភ្លាមៗតែម្ដង ៕