King Snooker Cup 2022 ចាប់ផ្ដើមប្រកួតក្រោយចម្រាញ់បានជើងខ្លាំង១៦រូប
ការប្រកួតកីឡាស្នូកឃ័រ King Snooker Cup 2022 បានចាប់ផ្ដើមបើកការប្រកួតកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោយការចាប់ពូលបែងចែករួចរាល់ និងមានការប្រកាសបើកកម្មវិធីដែលមានការចូលរួមដោយឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ព្រមទាំងលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ ដោយការប្រកួតធ្វើឡើងនៅទីតាំងក្លឹប King Snooker Club ។
ក្នុងឱកាសប្រកាសបើកការប្រកួតនោះលោក ម៉ារ៉ា សុជាតិ ហៅក្រៅថា ម៉ារ៉ា បានឲ្យដឹងថា ក្រោយការចម្រាញ់សហព័ន្ធជ្រើសរើសបានចំនួន១៦រូប ក្នុងនោះបែងចែកជា៤ពូល ដោយធ្វើការប្រកួតរហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ទើបរកឃើញជើងឯក។ លោកសង្ឃឹមថា កីឡាករគ្រប់រូបដែលចូលរួម នឹងបង្ហាញសមត្ថភាពឲ្យអស់ ដើម្បីបង្ហាញដល់ក្រុមការងារ ព្រោះនេះជាឱកាសមួយដ៏កម្រ ដើម្បីអាចក្លាយខ្លួនជាកីឡាករស្នូកឃ័រអាជីព។
ជាមួយគ្នានោះឯកឧត្ដម អ៊ុក សិទ្ធិជាតិ ក៏បានចូលរួមផ្ដល់ជាមតិយោបល់ផងដែរថា ការបង្កើតព្រឹត្តិការណ៍នេះវាជាចលនាមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាស្នូកឃ័រឲ្យកាន់តែមានភាពរីកចម្រើន។ មែនទែនទៅការពង្រឹងនៅតាមក្លឹបជារឿងចាំបាច់ខ្លាំង ពីព្រោះលោកយល់ថា ប្រសិនបើក្លឹបមានភាពរឹងមាំនោះសហព័ន្ធនឹងកាន់តែមានភាពរឹងមាំដូចគ្នា។
ឯកឧត្ដមបន្ថែមទៀតថា ការរៀបចំនេះបានជួយពង្រឹងបន្ថែមដល់បទពិសោធកីឡាករ និងពង្រឹងដល់សមត្ថភាពមន្ត្រីអាជ្ញាកណ្ដាលផងដែរ។ ទាំងអស់នេះក៏បានមកពីការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយសុខសន្តិភាព ដែលមានសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអភិវឌ្ឍរាល់គ្រប់វិស័យផងដែរ។
ក្នុងឱកាសនោះដែរលោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធក៏បានចូលរួមផ្ដល់ជាដំបូន្មានដល់កីឡាករទាំងអស់ត្រូវប្រមូលស្មារតីប្រកួតឲ្យបានខ្ពស់មែនទែន ដើម្បីបង្ហាញចេញនូវសមត្ថភាពដែលខ្លួនមានក្នុងការប្រកួតប្រជែង។ លោកសំឡឹងមើលឃើញថា កីឡានេះវាពិតជាមានសារសំខាន់ណាស់ក្នុងការប្រមូលអារម្មណ៍ដើម្បីលេងឲ្យបានល្អ៕
ឧត្ដម អ៊ុក សិទ្ធិជាតិ
លោក ហេង សុវណ្ណ
លោក ម៉ារ៉ា សុជាតិ
លោក ហ៊ុល សារ៉ាវុធ អ្នកតំណាងរបស់ King Snooker Club
ប្រភព៖ Sabay News