តាម​ដាន​ប្រវត្តិ​ទើប​ដឹង បណ្ឌិត កៅ គឹមហួន សម​នឹង​ទទួល​តំណែង​ជា​អគ្គលេខាធិការ​អាស៊ានមែន!

តាម​ដាន​ប្រវត្តិ​ទើប​ដឹង បណ្ឌិត កៅ គឹមហួន សម​នឹង​ទទួល​តំណែង​ជា​អគ្គលេខាធិការ​អាស៊ានមែន!

លោក​បណ្ឌិត កៅ គឹមហួន ត្រូវ​បាន​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ប្រកាស​តែង​តាំង​ឲ្យ​ទៅ​ទទួល​តំណែង​ជា "អគ្គលេខាធិការ​អាស៊ាន" ចាប់​ពី​ឆ្នាំ ២០២៣​ត​ទៅ ដោយ​បាន​ក្លាយ​ជា​មន្ត្រី​ខ្មែរ​ទី​១​ទទួល​ខុសត្រូវ​តួនាទី​ដ៏​ធំ​មួយ​របស់​សហគមន៍​អាស៊ាន​នេះ។ ដូច្នេះ ថា​តើ​បណ្ឌិត កៅ គឹមហួន ជា​នរណា?


លោកបណ្ឌិត កៅ គឹមហួន កើតនៅឆ្នាំ ១៩៦៦ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងប្រទេសកម្ពុជា។  ឪពុករបស់គាត់ ជាគ្រូបង្រៀន ពេញមួយជីវិត លើកលែងតែក្នុងអំឡុងពេលរបបខ្មែក្រហម នៅក្នុងសម័យខ្មែរក្រហម។ គ្រួសាររបស់លោក ត្រូវបានគេជម្លៀស និងត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនជាច្រើនឆ្នាំ មុនពេលដែលលោកត្រូវផ្លាស់ប្តូរទៅនៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិកនាម​ជា​ជនភៀសខ្លួន ជាកន្លែងដែលលោកបានសិក្សា និង​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញា អនុបណ្ឌិត និង​បណ្ឌិត​ជា​ច្រើន​។

បន្ទាប់ពីបញ្ចប់ជំនាញសិក្សាផ្នែកអាស៊ី លោកបានទទួលសញ្ញាប័ត្រពីរ នៅក្នុងឆ្នាំ១៩៩១ គឺជំនាញវិទ្យាសាស្រ្តនយោបាយ និងជំនាញកិច្ចការអន្តរជាតិ។ នៅក្នុងឆ្នាំ១៩៩៣ លោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីស្រាវជ្រាវលើសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយក៏បានធ្វើការនៅវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព រហូតដល់ឆ្នាំ២០០៤។ កំឡុងពេលនោះ លោកបានបញ្ចប់និក្ខេបទ ស្តីពី គោលនយោបាយបរទេស រវាងកម្ពុជា និងអាស៊ាន ហើយទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យហាវ៉ៃ។


លោកបានបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ ហើយ​៣ឆ្នាំ​បន្ទាប់ ពោល​គឺ​នៅក្នុងឆ្នាំ២០០៧ លោកក៏បានចាប់ផ្តើមធ្វើជំនួញលើប្រព័ន្ធផ្សព្វផ្សាយ។ នៅ​ឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី ហ៊ុន សែន។ មួយឆ្នាំក្រោយមក លោកក៏បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (នៅឆ្នាំ២០១០) ហើយបម្រើការជារដ្ឋលេខាធិការនៃក្នុងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣។ លោកបានទទួលនូវគ្រឿងឥស្សរិយ​យស ចំនួន ៦ ពីព្រះរាជា​ណាចក្រកម្ពុជា និងគ្រឿងឥស្សរិយ​យសក្នុងកិច្ចការសេវាកម្មសាធារណៈ ពីសាកលវិទ្យាល័យ​អូហាយ៉ូ។

ក្នុងអំឡុងពេលកាន់តំណែងជារដ្ឋលេខាធិការ កៅ គឹមហួន បានធ្វើការជាច្រើនជាមួយអាស៊ាន ដោយបង្កើតទំនាក់ទំនង និងគ្រប់គ្រងការចូលរួមរបស់កម្ពុជា នៅក្នុងយន្តការជាច្រើនរបស់អង្គការនេះ។ លោក​ក៏​ជាអ្នកដើរតួសំខាន់ ក្នុងការបង្កើត និងចរចាធម្មនុញ្ញអាស៊ាន ក្នុងនាមជាតំណាងកម្ពុជា នៅក្នុងក្រុមការងារជាន់ខ្ពស់អាស៊ាន ស្តីពីការពង្រាងធម្មនុញ្ញអាស៊ាន។

លោក​បានបោះពុម្ពសៀវភៅជាច្រើនប្រមាណជិត ៤០ក្បាល ស្តីពីអាស៊ាន និងទំនាក់ទំនងកម្ពុជា-អាស៊ាន ហើយទទួលបានបទពិសោធន៍ជាច្រើននៅក្នុងអាស៊ាន តាមរយៈសកម្មភាពនានា របស់វិទ្យាស្ថានអាស៊ាន សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។ ពេលវេលារបស់លោក​នៅ CICP ក៏បានចូលរួមអន្តរកម្មយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជា​រួម​បុរស​ម្នាក់​នេះ បានដើរតួនាទីសំខាន់នៅក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា កាល​ពី​ឆ្នាំ១៩៩៩។ នេះ​បើ​យោងតាម cambodia.mom-gmr.org និង Wikipedia។


ពានរង្វាន់ និង​មេដាយ៖

-មេដាយជាតូបការ (ឆ្នាំ២០១៥)

-បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពី Kalinga Institute of Industrial Technology ឥណ្ឌា (ឆ្នាំ២០១៤)

-បណ្ឌិតកិត្តិយសផ្នែកកិច្ចការសាធារណៈ ពីសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក (ឆ្នាំ២០០៧)

-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៣)  

-គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)

-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (ឆ្នាំ២០០៧)

-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៦)  

-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)

-គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់សេនា (ឆ្នាំ២០០៣)[៦៨]

ចុង​ក្រោយ​បំផុត​អំពី​ការ​វិវត្តន៍​ជុំវិញ​ស្នាដៃរបស់​ឯកឧត្តម​បណ្ឌិត កៅ គឹមហួន ឯកឧត្តម ត្រូវ​បាន​ឧទ្ទេសនាម​ឲ្យ​ទៅ​ទទួល​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​ដែល​មាន​អាណត្តិ ៥ឆ្នាំ រាប់​ចាប់​ពី​ឆ្នាំ ២០២៣​ខាង​មុខ​នេះ​ត​ទៅ៕

 

ប្រភព៖ Sabay News