មហាស្រពរបាំក្បាច់បុរាណខ្មែរ រឿងព្រះបាទជ័យវរ្ម័នទី៧ នឹងសម្ដែងជូនសាធារជនថ្ងៃទី ២៧-២៨ សីហា
ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកតម្កើងសិល្បៈបុរាណខ្មែរ ដែលជាកេរមរតកដ៏ខ្ពង់ខ្ពស់នៃដូនតាបុព្វបុរស និងជំរុញឱ្យប្រជាជន ក៏ដូចជាស្រទាប់យុវវ័យស្រឡាញ់គាំទ្រវប្បធម៌ខ្មែរ សាលារបាំនរោត្តម បុប្ផាទេវី និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានសហការរៀបចំព្រឹត្តិការណ៍មហោស្រពប្រចាំឆ្នាំដ៏ធំមួយ គឺរបាំក្បាច់បុរាណខ្មែរ រឿង “ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ”។
មហោស្រពផ្ទាំងសិល្បៈទស្សនីយភាពនេះ ទទួលបានការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការផ្សព្វផ្សាយដោយទូរទស្សន៍ BTV ផងដែរ។ សិល្បករ និងសិល្បការិនីជាង ២០០ នាក់ នឹងចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ដែលនឹងប្រព្រឹត្តិទៅនៅសាលសន្និសីទចតុមុខ ថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២២។
លោកអ្នកអាចជាវសំបុត្រតាមរយៈអនឡាញ តេលេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ *កន្លែងមានកំណត់! តម្លៃសំបុត្រមានដូចតទៅ៖ សំបុត្រពិសេស (VIP) ១០០,០០០៛ រីឯតំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛ និងចំពោះតំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛ ។
ការសម្ដែងចែកចេញជា ២ ពេលក្នុងមួយថ្ងៃគឺម៉ោង ៣:០០ រសៀល និង ៦:០០ ល្ងាច។ រឹតតែពិសេស ក៏មានការតាំងបង្ហាញគ្រឿងសិល្បៈបុរាណ និងការលក់ឧបករណ៍សិល្បៈបុរាណផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតពីសំណាក់លោកគ្រូ និងអ្នកគ្រូ និងសមាគមនានា។
ការចូលរួមរបស់បងប្អូនទស្សនិកជន គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់លោកគ្រូ អ្នកគ្រូព្រឹទ្ធាចារ្យសិល្បៈ ព្រមទាំងសិល្បករ សិល្បការិនីបុរាណទាំងអស់ ពិសេសគឺជាចលករចូលរួមអភិរក្ស និងលើកស្ទួយវប្បធម៌បុរាណខ្មែរ៕
ប្រភព៖ Sabay News