ពូខេន ទើបបន្ថែមជំនាញថ្មីក្នុងវិស័យសិល្បៈ តែត្រូវផ្អាកភ្លាមៗ ហើយរត់ទៅស្រុកបាត់
តារាសម្ដែង និងកំប្លែងលោក កែន វាសនា ហៅពូខេន ទើបបង្ហាញវត្ដមាននៅលើឆាកសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើប អ៊ីឌិនហ្គាឌិន កាលពីពេលថ្មីៗ ក្នុងនាមជាពិធីករ។ ដើម្បីមានឱកាសការងារសិល្បៈជាប់លាប់ និងអាចរកប្រាក់ចំណូលបន្ថែមពីវិស័យនេះ លោកថានឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីក្លាយខ្លួនជាពិធីករអាជីពម្នាក់។
ក្នុងពេលហាត់រៀនដោយគ្មានគ្រូនេះ លោកថា នឹងខំឈ្វេងយល់ពីពិធីករ ពិធីការិនីចាស់ៗដែលមានបទពិសោធន៍យូរឆ្នាំ ហើយលោកជឿថាបើមានឱកាសគ្រប់គ្រាន់ ឬអនុវត្ដបានច្រើនដងនៅលើឆាក នោះមិនយូរទេលោកនឹងអាចធ្វើបានល្អដូចពិធីករ-ពិធីការិនីខ្មែរល្បីៗដទៃទៀតដែរ។
ជាអកុសល្យក្នុងពេលដែលលោកត្រូវការពេលវេលាច្រើន ដើម្បីពង្រឹងខ្លួនក្នុងអាជីពសិល្បៈនេះ ស្រាប់តែម្ដាយលោកធ្លាក់ខ្លួនឈឺ ហើយចាំបាច់ត្រូវការលោក និងបងប្រុសទៅជួយមើលថែដោយផ្ទាល់នៅឯស្រុកកំណើត នាខេត្ដកំពង់ឆ្នាំង។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ និងថ្ងៃម្សិលមិញលោកបានបង្ហាញសកម្មភាពរបស់លោកមើលថែម្ដាយតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយពោលថា៖ “ដល់ម៉ោងងូតទឹកជូនម៉ែពេលព្រឹកព្រលឹម ជូនពរម៉ែឆាប់ជាសះស្បើយ”។
លោក កែន វាសនា ហៅពូខេន បញ្ជាក់ថា បច្ចុប្បន្នម្ដាយលោកមានតែកូនប្រុសបីនាក់ប៉ុណ្ណោះ ដោយកូនប្រុសច្បងរវល់ធ្វើការងាររកប្រាក់ចិញ្ចឹមគ្រួសារ និងជួយផ្គត់ផ្គង់ម្ដាយខ្លះ ហើយបងប្រុសមានពេលមើលថែម្ដាយតែថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ។ រីឯកូនប្រុសពៅរវល់បេសកកម្ម និងរៀនបន្ដនៅប្រទេសជប៉ុន ហើយរូបលោកវិញ គឺជាសិល្បករដែលមានការងារច្រើនក្នុងអាជីពសម្ដែង និងជាភ្នាក់ងារលក់អចលទ្រព្យនៅខេត្ដសៀមរាប។
តារាសម្ដែងបែបកំប្លែងសម្បុរសណ្ដែកបាយ រាងធាត់ ហើយកម្ពស់មិនសូវបានរូបនេះ សុខចិត្ដលះបង់ពេលវេលាបង្កើនសមត្ថភាពសិល្បៈ និងលើកពេលការងារសម្ដែងជាច្រើនរឿង ដើម្បីទៅស្រុកកំណើតមើលថែម្ដាយដែលកំពុងមានជំងឺ៕
ប្រភព៖ Sabay News