ស្រាយចម្ងល់! ហេតុអ្វីទូរសព្ទមានសេវាខ្សោយនៅស្រុកយើង?

ស្រាយចម្ងល់! ហេតុអ្វីទូរសព្ទមានសេវាខ្សោយនៅស្រុកយើង? ខាងក្នុងមានប្រាប់របៀបធ្វើតេស្ត
ទូរសព្ទអាចដំណើរការបានដោយសារអង់តែន ដូច្នេះហើយទូរសព្ទ និងអង់តែនត្រូវតែជាប្រភេទដូចគ្នាទើបអាចទាក់ទងគ្នាបាន ដែលនេះបណ្តាលឲ្យទូរសព្ទនៅប្រទេសមួយចំនួន មិនអាចប្រើបាននៅពេលទៅដើរលេង។ អញ្ចឹងក្នុងអត្ថបទនេះយើងនឹងមកដឹងបន្ថែមអំពីបញ្ហានេះ ហើយនិងដឹងពីវិធីដោះស្រាយ តោះទៅតាមដានទាំងអស់គ្នា។


ដែនររលកសញ្ញាហ្វ្រេកង់ ( Frequency range ) ដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងទូរសព្ទ ទៅនឹងអត់តែន។ អង់តែននីមួយៗមានកម្រិតហ្វ្រេកង់ខុសៗគ្នាទៅតាមប្រភេទមានចាប់ពី 700 ដល់ 2700 MHz ក៏ដូចគ្នានៅក្នុងទូរសព្ទក៏អញ្ចឹងដែរ ដោយវាអាចទាក់ទងគ្នា ក្នុងកម្រិតហ្វ្រេកង់ដូចគ្នាប៉ុណ្ណោះ។


សម្រាប់ទូរសព្ទដែលដាក់លក់ក្នុងប្រទេសមួយ គឺក្រុមហ៊ុននឹងបំពាក់អង់តែនប្រភេទនោះដើម្បីស្រូបសេវាបានល្អបំផុត ហើយយើងប្រហែលជាអាចជួបប្រទះទូរសព្ទដែលនាំចូលពីក្រៅប្រទេស មិនសូវមានសេវាល្អ ដូចទូរសព្ទដែលក្រុមហ៊ុននាំចូលឡើយ ឬម៉្យាងទៀតចំពោះអ្នកដើរលេងច្រើនក៏ប្រហែលជាធ្លាប់ជួបបញ្ហាអត់សេវាដែរ។ អញ្ចឹងហើយបានជាធ្លាប់មានពាក្យដែលគេនិយាយថា ទូរសព្ទម៉ូឌែលខ្លះសេវាខ្សោយ តែតាមពិតទៅវាមិនមែនខ្សោយទេ គែគ្រាន់តែមានអង់តែនខុសគេប៉ុណ្ណោះ។


នេះគឺដោយសារប្រទេសនីមួយៗប្រើប្រាស់ប្រភេទអង់តែនផ្សេងៗគ្នា ហើយយើងនិយាយតែពី 4G សិននៅសហរដ្ឋអាមេរិកគេឃើញមានប្រើប្រាស់អង់តែនប្រភេទ B2 (1900), B4 (1700/2100 AWS 1), B5 (850), B12 (700), B13 (700), B14 (700), B17 (700), B20 (800), B25 (1900+), B26 (850), B29 (700), B30 (2300), B41 (TDD 2500), B66 (1700/2100), B71 (600) មើលទៅគឺច្រើនមែនទែន ហើយជាការប្រៀបធៀបនៅស្រុកយើងគឺប្រើតែ ៣ប៉ុណ្ណោះគឺ B3 (1800), B5 (850), B8 (900) នេះបើយោងតាមវេបសាយ kimovil។

សេវានៅសហរដ្ឋអាមេរិក

សេវានៅកម្ពុជា
ដូចនេះយើងអាចដឹងបានថា ប្រសិនបើទូរសព្ទមកពីសហរដ្ឋអាមេរិក ប្រហែលជាពិបាកប្រើនៅស្រុកយើង ព្រោះប្រភេទសេវាអាចនឹងខុសគ្នា។ ប៉ុន្តែយើងក៏អាចឆែកមើលមុនបានផងដែរថាទូរសព្ទនោះអាចប្រើបានឬអត់ដោយគ្រាន់តែចូលទៅកាន់វេបសាយ មួយនេះ រួចរើសប្រទេស និងម៉ូឌែលទូរសព្ទជាការស្រេច៕

ប្រភព៖ Sabay News